សូមស្វាគមន៍ www.khlameastvonline.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: Tele: 088 665 5959 / 077414199

Breaking News

មន្ទីរសម្រាកព្យាបាលសម្ភពផល្លីបើកដំណើរការវិញហើយ នៅឡើយយុត្តិធម៌សម្រាប់ព្រលឹងសពនាងវិច្ឆិកាលីហ្សាមិនទាន់បានទទួល

ដោយ :Klameastvonline.com

ខេត្តកណ្ដាល៖ បើគិតមកដល់វេលានេះ មានរយៈពេលជិត១ឆ្នាំហើយក្រុមគ្រួសារយុវតីរងគ្រោះ រហូតដល់បាត់ បង់ជីវិតនាងវិច្ឆិកា លីហ្សា មិនទាន់ទទួលបានយុត្តិធម៌នៅគ្រាដែលមន្ទីរសម្រាកព្យាបាលសម្ភពផល្លី បានចាប់ ផ្ដើមបើកដំណើរការវិញហើយ។ ក្រុមគ្រួសារយុវតីរង គ្រោះអំពាវនាវដោយបង្ហូរទឹកភ្នែកអង្វរ ដល់សាលាដំបូងខេត្តកណ្ដាលជួយពន្លឿននីតិវិធីដើម្បីផ្ដល់យុត្តិធម៌ដល់ព្រលឹងសពយុវតីរងគ្រោះផង។

ឪពុកម្ដាយយុវតីរងគ្រោះបានអង្គុយ កាន់រូបថតកូនស្រីដែលកំពុងពេញស្រឡាញ់ បង្ហូរទឹកភ្នែកសូមអំពាវនាវដល់សាលាដំបូងខេត្តកណ្ដាល ជួយជំរុញល្បឿនផ្ដល់យុត្តិធម៌ព្រលឹងសពកូនស្រីរបស់គាត់ ក៏ដូចជាក្រុមគ្រួសារដែលនៅមានជីវិត ហើយកំពុងទន្ទឹងរង់ចាំពន្លឺ យុត្តិធម៌។ ការរង់ចាំបាត់រង់ៗ ស្របពេលដែលគេឃើញមន្ទីរសម្រាកព្យាបាលសម្ភពផល្លី បានចាប់ផ្ដើមដំណើរ ការឡើងវិញ កាន់តែធ្វើឲ្យក្រុមគ្រួសារយុវតីរងគ្រោះខ្លោចផ្សារថែមទៀត។

គួររំលឹកថា ក្រុមគ្រួសារជនរងគ្រោះបានប្ដឹង មន្ទីរសំរាកព្យាបាលសម្ភពផល្លី ដែលមានទីតាំង នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅពីបទ ឃាតកម្មដោយអចេតនា ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ ទងនឹងជនរងគ្រោះ, ជួញដូរឈាមដោយខុសច្បាប់ និងជួញដូរថ្នាំរបេងខុសច្បាប់ ពាក់ព័ន្ធនឹងការវះកាត់ឈ្មោះ វិច្ឆិកា លីហ្សា បណ្តាល ឱ្យស្លាប់។

កាលអំឡុងចុងខែ០៨ ឆ្នាំ ២០២៤ ឈ្មោះ វិច្ឆិកា លីហ្សា ភេទស្រី អាយុ១៨ឆ្នាំ នៅពេលនោះចុកពោះ ក៏បានទៅមន្ទីរសម្រាកព្យាបាលផល្លី ដោយពេទ្យប្រាប់ថាមានជំងឺគ្រុនពោះវៀន បានធូរធម្មតាក៏បានត្រឡប់មកផ្ទះវិញ។

ឪពុកយុវតីរងគ្រោះនិយាយថា បន្ទាប់ពីបាន១សប្តាហ៍ កូនស្រីខ្ញុំក៏មានស្ថានភាពឈឺចុកពោះខ្លាំងម្តងទៀត ក៏ត្រឡប់ទៅមន្ទីពេទ្យផល្លីនោះវិញ។ ពេលទៅដល់ជួបអ្នកគ្រូពេទ្យម្នាក់ ដែលជាម្ចាស់គ្លីនិចគេហៅថាអ្នកគ្រូធំ ក៏បានយកកូនខ្ញុំថតអេកូ ហើយចេញមកវិញ បានប្រាប់ខ្ញុំ និងគ្រួសារថា បែកគ្រាប់ឈាមពេញពោះវៀនអស់ ហើយត្រូវការវះកាត់បន្ទាន់ បើមិនដូចនោះនឹងស្លាប់ ។ នៅវេលាម៉ោង៨និង៣០នាទីយប់ ពេទ្យក៏បានឱ្យខ្ញុំផ្តិតមេដៃ ដើម្បីវះកាត់ ដោយចង់ឱ្យកូនរស់ ក៏យល់ព្រម ហើយក៏បានទៅខ្ចីលុយគេមកបង់ថ្លៃពេទ្យ។ ពេលវះកាត់ពេទ្យថាត្រូវការបញ្ចូលឈាម២ប្លោក ឱ្យខ្ញុំរកមនុស្សទៅបូមឈាម ប៉ុន្តែខ្ញុំមិនមាន អ្នកគ្រូពេទ្យប្រាប់ថា ចឹងគាត់មានឈាមសំរាប់លក់តម្លៃ ១៥០ដុល្លា ក្នុង ១ប្លោក ខ្ញុំសុខចិត្តចេញលុយដោយឱ្យគ្រូពេទ្យជួយកូនខ្ញុំ ប៉ុន្តែនៅពេលនោះបានបញ្ចូលឈាមបានតែ១ប្លោកទេ មួយប្លោកទៀតថាបញ្ចូលអត់ចូលទេ ។ គេក៏បានយក កូនខ្ញុំចូលបន្ទប់វះកាត់ភ្លាមៗ នៅពេលវះកាត់កូនខ្ញុំនៅដឹងខ្លួន ក្រោយវះកាត់រួច គាត់បានប្រាប់ពួកខ្ញុំ គ្រូពេទ្យវះកាត់ខ្ញុំដូចវះសត្វមិនបានដាក់ថ្នាំសន្លប់ទេ ហើយយកកាំបិតវះកាត់សាច់យកតែម្តង គាត់ឈឺខ្លាំងណាស់ និងស្រែករហូតសន្លប់តែគ្រូពេទ្យបន្តវះ។

នៅក្រោយវះកាត់គាត់ក៏បានយកសាច់ទំហំប៉ុនមេដៃមកប្រាប់គ្រួសារខ្ញុំថា ជាសាច់ដៃស្បូន ហើយប្រហែល៣ ថ្ងៃ ក្រោយមកគាត់បានពន្យល់ឱ្យយកទៅស្កែន នៅភ្នំពេញក្រោយមន្ទីរពេទ្យរុស្សីឈ្មោះ ពេទ្យរោគវិនិច្ឆ័យភ្នំពេញ ហើយក៏បានដឹកត្រឡប់មកវិញ។ នៅពេលបានលទ្ធផលស្កែនគាត់ក៏បានពន្យល់ថា កូនខ្ញុំមានរបេង កូនកណ្តុរ ត្រូវលេបថ្នាំរបេង។

នៅពេលបានលេបថ្នាំរបេងរួច កូនខ្ញុំធ្វើទុក្ខកាន់តែខ្លាំងទៅៗ ដោយមានអការៈក្អួតចង្អោ ហូបអី ក៏នៅតែ មិនបានអស់កម្លាំងខ្សោយទៅៗ និងឈឺចាប់ខ្លាំងទ្រហោយំ ដោយសារតែចង់ឱ្យជម្ងឺបានជាវិញ គាត់ ព្យាយាមផឹកថ្នាំរបេង តាមការណែនាំរបស់ពេទ្យ ទោះបីធ្វើទុក្ខយ៉ាងណា។

កូនស្រីខ្ញុំព្យាបាលនៅមន្ទីរសម្រាកព្យាបាលផល្លីតាំងពីចុងខែ០៨ រហូតដល់ខែ១១ ឆ្នាំ២០២៤ ហើយការ ទៅព្យាបាលម្តងៗលុយរហូត ជូនកាលក៏ឱ្យជំពាក់ទៀត។ ប៉ុន្តែជំងឺកូនស្រីខ្ញុំកាន់តែធ្ងន់ទៅៗចុងក្រោយខ្ញុំក៏ដាច់ ចិត្ត សួរនាំអ្នកគ្រូពេទ្យដើម្បីមានដំណោះស្រាយ ពេលខ្ញុំសួរនាំអ្នកគ្រូពេទ្យធំមិននៅ តែខ្ញុំសួរកូនចៅគាត់នៅពេទ្យថា មេរវល់បន្តិចទៀតបានមក ខ្ញុំចាំជិតពីរម៉ោង បានគាត់មកដល់។ ពេលខ្ញុំបាទសួរនាំពីជំងឺគាត់ថា ជម្ងឺកូនស្រីពូឯង មានជម្ងឺច្រើនណាស់ពិបាកព្យាបាល ព្យាបាលលែងកើតហើយ ក៏បណ្តេញខ្ញុំឱ្យយកកូនទៅ ពេទ្យរុស្សី តែម្តាយខ្ញុំថា ទៅពេទ្យកាល់ម៉ែត វិញ។

តាំងពីកូនស្រីខ្ញុំ ព្យាបាលនៅមន្ទីរពេទ្យសម្រាកព្យាបាលផល្លីមក ពេទ្យនៅទីនោះបានឱ្យផឹកតែថ្នាំរបេង កូន កណ្តុររហូត ហើយស្ថានភាពកូនស្រីខ្ញុំនៅពេលនោះ មានលក្ខណៈស្រកសាច់ ស្គម រីងរៃ មិនមានកំលាំង កំហែងទេ ហើយស្ថានភាពគាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ទៅៗ ប៉ុន្តែគាត់នៅតែចុកពោះ។

នៅពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត ក៏បានសម្រាកព្យាបាលនៅទីនោះ បន្ទាប់មកមន្ទីរក៏បានស្នើសុំខ្ញុំ ធ្វើ ការវះកាត់ម្តងទៀត ដើម្បីពិនិត្យ និងយកសាច់ទៅពិនិត្យ។ រយៈពេល២សប្តាហ៍ក្រោមក៏បានចេញលទ្ធផល។ ពេទ្យនៅមន្ទីពេទ្យកាល់ម៉ែតបានប្រាប់ខ្ញុំថា មហារីកពោះវៀនធំ និងមានមេរោគចូលក្នុងឈាមធ្ងន់ធ្ងរដោយសារតែមុខ របួសវះមិនស្អាត មិនមានជំងឺរបេងកូនកណ្តុរទេ” ហើយការមានមេរោគចូលពេញខ្លួនដោយសារនៅមន្ទីរពេទ្យផល្លី វះខុសនាំឱ្យរបួសមិនជា។ ពេទ្យបានឱ្យខ្ញុំយកកូនមកផ្ទះ រកគេសូត្រធម៌ឱ្យកូន ដើម្បីចង់អោយកូនមានជីវិត
រស់នៅ ខ្ញុំ និងគ្រួសារ បានអង្វរពេទ្យឱ្យជួយព្យាបាលកូនស្រីខ្ញុំ គ្រូពេទ្យក៏បានជួយព្យាបាលកូនស្រីខ្ញុំរហូតដល់ថ្ងៃទី០៧ ខែ មករា ឆ្នាំ ២០២៥ កូនស្រីក៏បានទទួលមរណៈភាព នៅមន្ទីរពេទ្យកាល់ម៉ែត។

ចំពោះមន្ទីរពេទ្យសំរាកព្យាបាលសម្ភពផល្លី បានព្យាបាល និងវះកាត់កូនស្រីខ្ញុំដូចសត្វធាតុចឹង វះគ្នាគ្មាន ប្រើថ្នាំសណ្តំ មុខរបួសមិនមានការដេរថ្នេរនៅចំហរ លាងរបួសកាត់សាច់កូនខ្ញុំដូចសាច់សត្វ ម្តងថាកូនខ្ញុំឈឺគ្រុនពោះវៀន ពេទ្យព្យូសេរ៉ូមឱ្យទៅផ្ទះ បាន២ឬ៣ថ្ងៃកូននៅតែចុកពោះទៀត មកដល់ពេទ្យថា កូនខ្ញុំបែកគ្រាប់ឈាម ពេញពោះវៀន ត្រូវការវះកាត់បន្ទាន់មិនអាចទុកបានទេ ពេលវះគាត់ថាខ្វះឈាម គាត់មានឈាមសំរាប់លក់១ ប្លោក១៥០ដុល្លាអាមេរិក ។ ពេលវះកាត់រួច បែរជាមកប្រាប់ថាកូនខ្ញុំមានគីសដៃស្បូន និងរបេងកូនកណ្តុរវិញ ហើយឱ្យកូនស្រីខ្ញុំផឹកថ្នាំរបេងកូនកណ្តុររហូត ពេលប្រើថ្នាំនេះ កូនស្រីខ្ញុំធ្វើទុកពិបាកក្នុងខ្លួនខ្លាំងណាស់ ស្គមរីងរៃ តែជំងឺចុកពោះនៅមានរហូត ដល់តែពេលខ្ញុំបាទសួរ បែរជាអ្នកគ្រូពេទ្យដេញឱ្យខ្ញុំយកទៅពេទ្យរុស្សី ហើយខ្ញុំក៏យ កូនទៅកាលម៉ែត បន្ទាប់ពេទ្យកាល់ម៉ែត បញ្ជាក់ថា កូនស្រីមានជំងឺមហារីកពោះវៀនធំ តែដោយសារការវះកាត់ របស់មន្ទីរសំរាកព្យាបាលសម្ភពផល្លី បានធ្វើឱ្យមេរោគចូលពេញពោះ ព្យាបាលបាលមិនកើតទេ។

កូនស្រីខ្ញុំរងទុក្ខវេទនាទាំងរស់ពីទង្វើរបស់ពេទ្យផល្លី មិនមែនការព្យាបាលអ្នកជំងឺទេ ជាការធ្វើទារុណកម្ម យ៉ាងឃោឃៅ លើកូនស្រីខ្ញុំទាំងរស់ រហូតដល់អស់ជីវិត គិតតែពីការចង់បានលុយ មិនគិតពីអាយុជីវិត របស់អ្នកជំងឺ កូនស្រីខ្ញុំអត់មានកើតជំងឺរបេងកូនកណ្តុរផង បែរជាឱ្យគាត់ផឹកថ្នាំកូនកណ្តុរទៅវិញ។

សំណូមពរៈ
1. ជួយរកយុត្តិធម៌ឱ្យកូនស្រីខ្ញុំឈ្មោះ វិច្ឆិកា លីហ្សា អាយុ១៨ឆ្នាំ ដែលរងនូវទារុណកម្មយ៉ាងឃោរឃៅ ពីមន្ទីរសម្រាកព្យាបាលសម្ភពផល្លី ដែលបានសម្លាប់កូនស្រីជាទីស្រលាញ់របស់ខ្ញុំទាំងរស់ និង ផ្តន្ទាទោសជនដែលប្រព្រឹត្តិតាមច្បាប់ធ្ងន់ធ្ងរ។

2. ទាមទាសំណងទឹកប្រាក់ចំនួន ២០០,០០០USD (ម្ភៃម៉ឺនដុល្លាអាមេរិក)។

បើទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះគឺមានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមគ្រួសារយុវតីរង គ្រោះមិនទាន់បានទទួលយុត្តិធម៌នៅឡើយ ហើយនៅ ពេលដែលគ្លីនិកខាងលើ បើកដំណើរឡើងវិញ ធ្វើឲ្យពួកគាត់នឹកអស់សង្ឃឹមក្នុងចិត្ត និងសម្លឹងមើលទៅពន្លឺយុត្តិធម៌កាន់តែងងឹត៕និងបានសំណូមពរទៅដល់ឯកឧត្តមប្រធានព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាលមេត្តាជួយពន្លឿននីតិវិធីដើម្បីឲ្យគាត់ទទួលបានពន្លឺយុត្តិធម៌។ជូនកូនស្រីគាត់តែស្លាប់បាត់បង់ជីវិតទៅហើយ!!!


No comments