ទីតាំងឃ្លាំងសិប្បកម្មផលិតដបទឹកសុទ្ធ១កន្លែងនៅភូមិស្វាយរលំ១ សង្កាត់ស្វាយរលំ កំពុងបង្ករផលប៉ះពាល់បរិស្ថាន និងមានសំលេងរំខានការរស់នៅអ្នកជិតខាង!!!
ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី០៨.០២.២៦ បើតាមប្រភពពីប្រជាពលរដ្ឋរាយការណ៍មកបណ្តាញព័ត៌មានយើងអោយដឹងថា មានទីតាំងឃ្លាំងសិប្បកម្មផលិតដបទឹកសុទ្ធ ១កន្លែង មិនមានស្លាកយីហោ ដែលមានទីតាំងស្ថិតនៅភូមិស្វាយរលំ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងដំណើរការសង្វាក់ផលិតកម្ម ២៤ ម៉ោងលើ ២៤ ម៉ោង បង្កឲ្យមានសំឡេងរំខានជាពិសេសក្លិនឈួលជាតិថ្នាំ ដែលពិបាកទ្រាំ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋជិតខាងប្រចាំថ្ងៃ។ ប្រជាពលរដ្ឋសំណូមពរ ទៅដល់អាជ្ញាធរមានសមត្ថកិច្ចជួយចុះពិនិត្យមើលករណីខាងលើនេះផង។
ប្រជាពលរដ្ឋបានប្រាប់បន្តឲ្យដឹងថា ក្រៅពីសំឡេងរំខានស្ទើរ ២៤ ម៉ោងក្នុងមួយថ្ងៃ បញ្ហាក្លិនឈួលនៃជាតិថ្នាំធ្វើឲ្យពិបាកទ្រាំ ជាពិសេសពិបាកក្នុងការរស់នៅ។ ប្រជាពលរដ្ឋមិន ដឹងថាតើក្លិនថ្នាំនោះមានផលប៉ះពាល់ដល់សុខភាពយ៉ាងដូចម្ដេចទេ។ក៏ប៉ុន្តែ នៅពេលដែលមានជាតិក្លិនថ្នាំចេញមកធ្វើឲ្យលំបាកដកដង្ហើម និងមានអាការៈឈឺក្បាលរកបរិយាយមិនត្រូវ។
បើតាមការបញ្ជាក់ពីស្ត្រីដែលត្រូវជាប្អូននិងម្ចាស់ទីតាំងបានប្រាប់បណ្ដាញយើងអោយដឹងថា ម្ចាស់សិប្បកម្ម CKHឈ្មោះហ៊ាយូ ដែលទីតាំងខាងលើនេះបានដំណើរការមួយរយៈកន្លងមកនេះ ដោយមិនខ្វល់អំពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលមានលំនៅឋានជិតខាងនោះឡើយ។ ប្រជាពលរដ្ឋមិនដឹងថា តើទីតាំងខាងលើនេះមានច្បាប់អនុញ្ញាតឬយ៉ាងណានោះទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺវាកំពុងផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ការរស់នៅរបស់ប្រជាពលរដ្ឋអ្នកជិតខាងយ៉ាងខ្លាំង។
បើយោងតាមប្រភពមន្ត្រីក្នុងរដ្ឋបាលក្រុងតាខ្មៅ បានបង្ហើបឲ្យដឹងថាទីតាំងឃ្លាំងសិប្បកម្មខាងលើ ជារបស់មេៗនៅឯបន្ទាយ ដូច្នេះអាជ្ញាធរមិនសូវជាហ៊ានប៉ះពាល់ទេ ដោយសារការយោគយល់។
លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលនិងចាត់មន្ត្រីឲ្យទៅចុះមើលក្នុងពេលឆាប់ៗ។
ក្រោយមកបណ្ដាញសារព័ត៌មានយើងបានរាយការណ៍ជូនលោក ឃឹម សុភារៈ អភិបាលក្រុងតាខ្មៅដោយលោកបានប្រាប់យ៉ាងខ្លីថាស្អែកនឹងឲ្យមន្ត្រីជំនាញចុះទៅពិនិត្យ។
ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅតែទទូចស្នើសុំទៅដល់មន្ទីរនិងក្រសួងពាក់ព័ន្ធជួយចុះពិនិត្យទីតាំងឃ្លាំងសិប្បកម្មផលិតដប់មួយកន្លែងខាងលើនេះដើម្បីធ្វើការណែនាំទៅដល់ម្ចាស់សិប្បកម្មឲ្យជួយកាត់បន្ថយសំឡេងរំខាននៅពេលយប់ជូនដល់ពួកគាត់ផង។










No comments