លោក ឃួង ស្រេង៖ ស្មៀន ត្រូវស្ដាប់ចៅសង្កាត់ ហើយសហការគ្នា បើចៅសង្កាត់ ធ្វើអ្វីខុស ប្រាប់គាត់ តែបើស្មៀនខុស យើងអាចដកចេញបាន ហើយស្នើសុំទៅក្រសួងមហាផ្ទៃ ដូរចេញ
(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានណែនាំដល់ ស្មៀន ត្រូវស្ដាប់ចៅសង្កាត់ ហើយសហការគ្នា បើចៅសង្កាត់ ធ្វើអ្វីខុស ប្រាប់គាត់ថា រឿងនេះ ឬរឿងនោះ មិនត្រូវធ្វើទេ វាអាចមានទោស ឬជាប់គុក កុំធ្វើ មិនមែនឃើញខុសហើយ មិនប្រាប់ ហើយមិនបោះត្រា ឬទុកឱ្យគាត់ខុសនោះទេ។ តែបើស្មៀនខុស យើងអាចដកចេញបាន ហើយស្នើសុំទៅក្រសួងមហាផ្ទៃ ដូរចេញ។
កាណែនាំបែបនេះ របស់លោក ឃួង ស្រេង ធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ ដោយមានការចូលរួមពី លោក ជា ខេមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ទាំងអ្នកក្រីក្រ អ្នកសុំទាន និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ពួកគាត់ គឺសុទ្ធតែត្រូវការសន្តិសុខ។ ដូច្នេះក្នុងនាមជាមន្ត្រី កងកម្លាំងនៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿទុកចិត្តមកលើយើង។ បន្ថែមពីនេះ ត្រូវលុបបំបាត់ឱ្យបាន ការបើកកន្លែងម៉ាស្យា កោសជប់ ដែលភ្ញៀវចូលទៅបាត់បង់លុយកាក់ ទ្រព្យសម្បត្តិ។
លោក ឃួង ស្រេង បានលើកឡើងទៀតថា ការងារមួយយើងពិតជាអនុវត្តមិនបានគ្រប់១០នោះទេ អាចមានចំណុចខ្វះខាត ហួសពីសមត្ថភាពរបស់ខ្លួន នៅតាមសង្កាត់ ខណ្ឌ។ បើហួសពីសមត្ថភាព ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីឱ្យថ្នាក់លើជួយដោះស្រាយបន្តទៀត។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានណែនាំឱ្យចៅសង្កាត់ ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត ដែលមានមេប៉ុស្តិ៍ ជាសេនាធិការឱ្យចៅសង្កាត់ ហើយធ្វើការឱ្យដឹងតួនាទីរបស់ខ្លួនចេះស្ដាប់ចៅសង្កាត់ ធ្វើការងារសេវាសាធារណៈ បម្រើប្រជាពលរដ្ឋឱ្យបានល្អ ដូចជាអត្តសញ្ញាណប័ណ្ណ ការងារថែរក្សាការពារសន្តិសុខឱ្យបានល្អ -ល-។
លោក ឃួង ស្រេង បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំឆ្នើមនោះ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំ ដែលមានច្ឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដី ឱ្យបានដាច់ខាត ពីចោរឈ្លានពាន ព្រំដែនខាងលិច។
លោកសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ និយាយតែពាក្យពិត ជាក់ស្តែង យើងនិយាយជាង៤០ឆ្នាំ ក៏និយាយរៀបរាប់មិនអស់ទេ អ្វីដែលជាទង្វើល្អរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើដើម្បីផលប្រយោជន៍ជាតិ និងដើម្បីផលប្រយោជន៍ប្រជាជននោះ។
លោក ឃួង ស្រេង បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានផ្តល់សិទ្ធិសេរីភាព ផ្តល់ជីវិតទី២ ឱ្យប្រជាជនកម្ពុជា នាថ្ងៃ ០៧ មករា ឆ្នាំ១៩៧៩ និងបានដឹកនាំនាំឱ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍលើគ្រប់វិស័យ។ មិនត្រឹមតែប៉ុណ្ណោះទេ គណបក្សប្រជាជនកម្ពុជា នៅមានមហិច្ឆតាដ៏ធំមួយទៀតនោះ គឺចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០ ដែលជាក្តីស្រម័យរបស់ប្រជាជន នៅលើពិភពលោកចង់បាន។
ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះគណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនះ។ ជាក់ស្តែង នៅឆ្នាំ២០២២ ឆ្នាំ២០២៣, ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតផ្លូកទឹកផ្លូកដី។
ក្នុងឱកាសនោះ ប្រធានភូមិ និងលោកចៅសង្កាត់ផ្សារថ្មីទី៣ បានរាយការណ៍ពីសមិទ្ធផលការងារ និងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដើម្បីរកគន្លឹះក្នុងការដោះស្រាយ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនាឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។
លោកចៅសង្កាត់ផ្សារថ្មីទី៣ បានលើកឡើងទៀតថា នៅសង្កាត់ផ្សារថ្មីទី៣ អ្វីដែលជាបញ្ហាប្រឈម គឺយប់មានការលួចប្រមូលផ្តុំគ្នាជក់គ្រឿងញៀន ដោយឡែកចំពោះការហូបចុក ពេលយប់ស្រែកឡូឡា អាជ្ញាធរយើងបានរួមគ្នាដោះស្រាយមិនមានបញ្ហានោះទេ។
ជាមួយគ្នានេះ លោកក៏បានស្នើសុំតបណ្តាញអគ្គិសនីរដ្ឋ ចូលទៅបង្គោលភ្លើងសាធារណៈ ផ្លូវលេខ៤៩។ ចំពោះសំណើនេះ ត្រូវបានលោក ឃួង ស្រេង ឯកភាព ដើម្បីបំរើឱ្យប្រយោជន៍សាធារណៈ៕
No comments